សូមចូលរួមរំលែកទុក្ខផង! លោកគ្រូ ជ័យ ប៊ុនឈឿ ទទួលមរណភាពហើយ
រាជធានីភ្នំពេញ ៖ ក្រោយដាច់បាយដាច់ទឹកប៉ុន្មានថ្ងៃចុងក្រោយ លោកជ័យ ប៊ុនឈឿ ដែលគេស្គាល់ថា ជាអតីតអាជ្ញាកណ្ដាលល្បីឈ្មោះបានទទួលមរណភាពហើយ កាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ។ លោកទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ ដោយសពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យរហូតដល់ថ្ងៃច័ន្ទ ដើម្បីឱ្យកូនចៅ និងអតីតសិស្សរបស់គាត់បានចូលរួម ។
លោក រ៉ូន រិទ្ធី បានអះអាងថា លោកជ័យ ប៊ុនឈឿ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរប្រមាណជា៥ខែមកហើយ ប៉ុន្តែដោយលោក និងគ្រួសារមិនហ៊ានធ្វើការអំពាវនាវណាមួយថ្មីតែ ព្រោះទើបតែអំពាវនាវហើយ ក៏សុខចិត្តទ្រាំលំបាក និងបណ្ដោយឱ្យដុំសាច់ដុះឡើងជាថ្មីរីកធំទៅៗ ព្រោះតែគ្មានប្រាក់ព្យាបាល ទើបលោកបាត់បង់កម្លាំងដែលបង្កពីដុំសាច់នៅត្រង់ភ្លៅនេះ។ លោកបានធ្លាក់ក្នុងសភាពសម្រាននៅកន្ទេល ដោយនិយាយឮតែខ្យល់តែម្ដង សូម្បីតែបាយទឹក គឺឱ្យតែបញ្ចុកចូលពោះក្អួតចេញគ្មានសល់តែម្ដង។ ចំណែកជើងខាងស្ដាំរបស់លោកហើមឡើងរលោង ហើយដុំសាច់ដែលដុះម្ដងទៀតនោះមានសភាពរឹងនឹងធ្វើឱ្យលោកតាកម្រាកមិនបាន ដើរក៏មិនរួចដែរ ទើបការសង្គ្រោះមិនអាចទៅរួច។ ដុំសាច់នោះធ្លាប់កើម្ដងហើយ ប៉ុន្តែក្រោមការមានជំនួយវះកាត់លោកតាក៏ធូរស្រាល និងដើរបានធម្មតា។ ប៉ុន្តែក្រោយមកដុំសាច់នោះដុះថ្មីម្តងទៀតប៉ុន្មានខែចុងក្រោយនេះ ដោយការដុះឡើងលើកនេះគឺរីកធំលឿន ហើយរឹងដូចដុំថ្មធ្វើឱ្យលោកតាមានសភាពធ្ងន់ធ្ងរទៅៗ រហូតទទួលមរណភាពតែម្តង។ ហើយលោកតាបន្តជីវិតក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ ដោយសារតែកូនចៅរ៉ៃលុយគ្នាដាក់ស៊ីរ៉ូមឱ្យតែប៉ុណ្ណោះ បើតាមតែសភាពធ្វើទុក្ខ គឺមិនដឹងជាលោកតាត្រូវបាត់បង់ជីវិតតាំងពីពេលណានោះទេ។
សពរបស់លោកត្រូវតម្កល់ធ្វើបុណ្យនៅខេត្តបាត់ដំបង ដោយគំរោងនឹងសម្រេចបូជានៅថ្ងៃច័ន្ទអាស្រ័យតាមការគន់គូរបស់លោកអាចារ្យ ឬអាចបូជាមុន ឬក្រោយនេះអាស្រ័យទៅលើការពិភាក្សារបស់កូនចៅបន្ថែមទៀត។ យ៉ាងណាមិញគ្រួសារសពមិនមានលទ្ធភាពតម្កល់សពរបស់លោកយូរថ្ងៃនោះទេ គឺឱ្យតែអាចា្យកំណត់ថ្ងៃណាល្អនោះ គឺពិធីនឹងត្រូវសម្រេចហើយ។ ចំណែកកូនទាំង៦របស់លោកជ័យ ប៊ុនឈឿ សុទ្ធតែបានត្រឹមមួយរស់ទាំងលំបាក ព្រោះកូនប្រុស២គឺកម្មករសំណង់ក្នុងចំណោម៣នាក់ ហើយកូនស្រី៣នាក់ ខ្លះកូនខ្ចីរកអីមិនបាន និងខ្លះរស់នៅបានព្រឹកខ្វះល្ងាច។ ក្រោយការបាត់បង់លោកជ័យ ប៊ុនឈឿ លោកមានបារម្ភខ្លាចពិធីបុណ្យសពមិនសូវមានអ្នកចូលរួមធ្វើបុណ្យច្រើន ព្រោះផ្ទះបុណ្យលោកតានៅខេត្តបាត់ដំបងឆ្ងាយ ហើយអ្វីដែលសំខាន់គឺលោកខ្លាចអ្នកធ្លាប់មានប្រវត្តិរួមអាជីពជាមួយលោកតាបំភ្លេចលោកតាតែម្ដង ដូច្នេះមានតែការជ្រោមជ្រែងពីសប្បុរសជនប៉ុណ្ណោះ ទើបពិធីបុណ្យសពរបស់លោកជ័យ ប៊ុនឈឿ នឹងអាចធ្វើទៅបានសមរម្យ។
លោករ៉ូន រិទ្ធី បន្តថា លោកជ័យ ប៊ុនឈឿ មានផ្ទះផ្ទាល់ខ្លួន តែមិនមែនជាផ្ទះធំដុំនោះទេ ដោយផ្ទះមួយនោះក៏ទទួលបានពីអំណោយសប្បុរសធម៌ផងដែរ។ លោកស្នើឱ្យមានការជួយជ្រោមជ្រែងដល់ពិធីបុណ្យសពផង ដើម្បីដំណាក់ចុងបញ្ចប់របស់លោកតាមានភាពសមរម្យក្នុងការធ្វើបុណ្យបូករួមទាំងបុណ្យ៧ថ្ងៃ និង១០០ថ្ងៃផង៕ប្រភព៖kohsantepheapdaily
បញ្ចេញមតិ