ស្គាល់អត្តសញ្ញាណទាហានមួកខៀវកម្ពុជា ស្លាប់ម្នាក់ របួសម្នាក់ បាត់ខ្លួន៣នាក់
យោងតាមប្រភពពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម បានបង្ហាញឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ដែលបានស្លាប់និងរបួស ព្រមទាំងបាត់ខ្លួន ក្រោយហេតុការណ៍បាញ់ប្រហារ នៅអាហ្វ្រិកកណ្តាល នៅយប់ថ្ងៃទី៨ ឧសភា ២០១៧នោះ មានចំនួនសរុប៥នាក់ ហើយពេលនេះអ្នកទាំងនោះ ត្រូវបានស្គាល់អត្តសញ្ញាណអស់ហើយ ។ ឈ្មោះទាហានមួកខៀវកម្ពុជា មានដូចខាងក្រោមនេះ ៖
១ ៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ទោ) អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ (បានស្លាប់)
២ ៖ លោកពលបាលឯក (ឋានន្តរស័ក្តពិតប្រាកដ អនុសេនីយ៍ឯក) ធុច ធីម បុគ្គលិកបើកបររថយន្តបែន (រងរបួសដៃឆ្វេង)
៣ ៖ លោកអនុសេនីយ៍ត្រី (ព្រិន្ទបាលទោ) ស៊ាន នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព (បានបាត់ខ្លួន)
៤ ៖ លោកពលបាលឯក (ព្រិន្ទបាលទោស) មុំ តុលា ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ (បានបាត់ខ្លួន)
៥ ៖ លោកអនុសេនីយ៍ត្រី (អនុសេនីយ៍ឯក) ម៉ៅ អេង បុគ្គលិកពេទ្យ (បាត់ខ្លួន)
ការវាយប្រហារដោយពួកឧទ្ទាមចោរព្រៃ នៅអាហ្វ្រិកកណ្តាល ទាហានមួកខៀវកម្ពុជាម្នាក់បានស្លាប់ របួសម្នាក់ និង៣នាក់ទៀតកំពុងបាត់ខ្លួន នៅយប់ថ្ងៃទី៨ ឧសភា ២០១៧ ម្សិលមិញ ។ ការវាយប្រហារនេះ ក៏បានធ្វើឱ្យទាហានម៉ារ៉ុក៥នាក់រងរបួសធ្ងន់ស្រាល និងបាត់ខ្លួនម្នាក់ផងដែរ ។ ពេលនេះសពទាហានកម្ពុជា រួមទាំងទាហានរងគ្រោះដទៃទៀត ត្រូវបានដឹកដោយឧទ្ធម្ភាគចក្រ ទៅកាន់កន្លែងមួយផ្សេងទៀត ហើយកងកម្លាំងកម្ពុជា និងម៉ារ៉ុក ក៏បានស្វែងរកទាហានដែលបាត់ខ្លួន ។
យោងតាមគណនីហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង់ បានអោយដឹងថា កងទ័ពមួកខៀវកម្ពុជាមួយរូប ពលបាលឯក អ៊ឹម សំ ដែលបាត់បង់ជីវិតនៅអាហ្វ្រិកកណ្ដាល ខណៈបំពេញបេសកម្មក្នុងក្របខ័ណ្ឌ អ្នកថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដោយពួកឧទ្ទាមបានកាត់ក្បាលគាត់ ។
អង្រុតសូមចូលរួមរំលែកទុក្ខដ៏សែនរន្ធត់ និងក្រៀមក្រំ សោកសៅក្រៃលែង ហើយសូមថ្កោលទោសចំពោះអំពើកាចសាហាវឃោឃៅយង់ខ្នង ជាងសត្វតិរិច្ឆាន របស់ក្រុមឧទ្ទាមចោរព្រៃនៅអាហ្វ្រិកកណ្ដាលនេះ ។ ប្រភព៖ angrut.com
បញ្ចេញមតិ