Featured

ពលរដ្ឋ​ប្តឹង​ក្រុម​ហ៊ុន​ EBC ឆបោក​ប្រាក់​ជាង​៤៦​លាន​ដុល្លារ​អាមេរិក​

ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា​មក​ពី​២៥​រាជធានី​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្តឹង​ក្រុម​ហ៊ុន​ EBC ដែល​ពួកគាត់​ចោទប្រកាន់​ថា​ បាន​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​ជាង​៥០០០គ្រួសារ​ សរុប​ទឹក​ប្រាក់​ជាង​៤៦លាន​ដុល្លារ​អាមេរិក​ ។

​ប្រជាពលរដ្ឋ​ និយាយ​ថា​ ក្រុម​ហ៊ុន​នេះ​ មាន​ឈ្មោះ ស៊ាន តាន់ ជនជាតិ​ម៉ាឡេស៊ី ជា​ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅ​កាត់​ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) ឈ្មោះ ហួត សុវណ្ណ ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) និង​ឈ្មោះ ជិ ហ្គោសាលី ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) ទាក់ទង​នឹង​រឿង​ឆបោក​លុយ​ជាង ៤៦​លាន​ដុល្លារ​អាមេរិក (៤៦.២០៤.៣៥០​ដុល្លារ)។

រូបភាព​នៃ​ការ​ឆបោក​នេះ ធ្វើ​ឡើង​តាម​មធ្យោបាយ​ទិញ​ហ៊ុន​វិនិយោគ​ដែល​មាន​តម្លៃ ២​ពាន់​ដុល្លារ​ក្នុង​មួយ​ហ៊ុន។ ក្រុមហ៊ុន​បាន​បញ្ចុះបញ្ចូល​ពលរដ្ឋ​ថា ពួក​គេ​នឹង​ផ្តល់​ភាគ​លាភ ១០​ភាគរយ​ក្នុង​មួយ​ខែ ហើយ​រយៈពេល ១៨​ខែ ក្រុមហ៊ុន​នឹង​សង​ប្រាក់​ដើម​ទាំងអស់​មក​ឲ្យ​អ្នក​វិនិយោគ​វិញ។​ ប្រជាពលរដ្ឋ​ បាន​បន្ត​ដាក់​បណ្តឹង​ទៅ​ក្រសួង​យុត្តិធម៌​ និង​ រដ្ឋសភា​ បន្ត​ទៀត​។​ ពួកគេ​ទទូច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ជួយ​រក​យុត្តិធម៌​ជូន​ពួកគេ​ផង​ ៕
ដោយ​៖ចេស្តា
ប្រភព៖ FB_Phon Sophal