Featured

មឹក​ចំហុយ​ក្រូចឆ្មារ ក្លែម​ក៏​ល្អ ញ៉ាំ​ជាមួយ​បាយ-ស​ក៏​ឆ្ងាញ់…ឃើញ​ហើយ​ចេញ​ទឹកមាត់​ច្រោក​


ថ្ងៃនេះ ទស្សនាវដ្តី ខ្មែរថ្ងៃនេះ​ មានមុខ​ម្ហូប​ដែល​ចង់​ធ្វើ​ញ៉ាំ​ជា​គ្រឿងក្លែម​សម្រាប់បងៗបុរស ឬក៏​ញ៉ាំ​ជាមួយ​បាយ​ក្នុង​ក្រុមគ្រួសារ​ក៏​បានមក​ជម្រាបជូន​បងៗស្ត្រី​មេផ្ទះ មុខម្ហូប​នោះ​គឺ មឹក​ចំហុយ​ក្រូចឆ្មារ…ដូច្នេះ​កុំ​បង្អង់​យូរ យើង​នាំគ្នា​មក​មើលថា តើ​មុខម្ហូប​ដ៏​សែន​ឆ្ងាញ់​នេះ គេធ្វើយ៉ាងណា​ខ្លះ​ដូចតទៅ៖

គ្រឿងផ្សំ៖

– មឹកស្រស់ៗ 4 ក្បាល

– ទឹកក្រូច​ឆ្មារ 4 ស្លាបព្រា​បាយ

– ទឹកត្រី 2 ស្លាបព្រា​បាយ

– ស្ករត្នោត 2 ស្លាបព្រា​កាហ្វេ

– ដុំ​ស៊ុប ឬ​ម្សៅ​បន្ថែម​រសជាតិ(ខ្ន ឬ​រត់​ឌី) ពាក់កណ្តាល​ដុំ ឬ​ពាក់កណ្តាល​កញ្ចប់

– ទឹកស្អាត 2 ស្លាបព្រា​បាយ

– ខ្ទឹមស​ចិញ្ច្រាំ 3 ស្លាបព្រា​បាយ

– ម្ទេស​អាចម៍​ចាប វាយ​ឱ្យ​បែក 10 គ្រាប់

– ជីរ​រណារកាត់ខ្លីៗ 2 គុម្ព

វិធី​ធ្វើ៖

1 . លាង​មឹក​ស្រស់​ឱ្យ​ស្អាត ទាញយក​ក្បាល និង​ដៃ​ចេញពី​ខ្លួន រួច​កាត់​គល់​ក្បាល​ដែលមាន​ភ្នែក​ចេញ ច្របាច់​យក​ផ្នែក​ដែលរឹងៗកណ្តាល​ដៃ​មឹក​ចេញ ខ្លួន​មឹក​ស្រស់​មិនចាំបាច់​បកស្បែក​ចេញ​ទេ ទាញយក​សន្ទះរឹងៗចេញ យក​ពោះវៀន​ចេញ ទុក​តែ​ស៊ុត លាង​ខាងក្នុង​ពោះ​មឹក​ឱ្យ​ស្អាត រួច​ហាន់​ទទឹង​ខ្លួន​មឹក​ជាកង់ៗធំ​ល្មម (មិនចាំបាច់​ឱ្យដាច់​ចេញ​គ្នា​ទេ) រួច​ទុក​មួយអន្លើ។

2 . លាយ​ទឹក​ក្រូចឆ្មារ ទឹកត្រី ស្ករ ទឹកស្អាត ស៊ុប​បន្ថែម​រសជាតិ​ឱ្យចូល​គ្នា ដាក់​ខ្ទឹម និង​ម្ទេស​ចូល កូរ​ឱ្យ​សព្វ រួច​ភ្លក្ស​រសជាតិ

និង​បន្ថែម​គ្រឿង​តាម​ចំណង់​ចំណូលចិត្ត។

3 . យក​មឹក​ស្រស់​ទៅ​ដាក់​ចំហុយ​នៅក្នុង​ឆ្នាំង​រហូតដល់​ទឹក​ពុះ បន្ថយ​ភ្លើង​ឱ្យនៅ​ឆេះល្មមៗប្រមាណ 8 នាទី រួច​ចាក់ទឹក​ចេញពី​ចាន​ចំហុយ​មឹក​ស្រស់​នោះ​ឱ្យអស់ ហើយ​ស្រោច​ទឹក​ល្បាយ​រសជាតិ​ចូលទៅ រោយ​ស្លឹក​ជីររណារ​ពីលើ រួច​ចំហុយ​បន្ត​រយៈពេល 2 នាទី​ទៀត ជាការ​ស្រេច៕