Featured

រដ្ឋ​មន្ត្រីក្រសួង​ប្រៃសណីយ៍​ ​អះអាងថា ​ប្រជាជន​កម្ពុជា ​នឹង​ទទួល​បាន​ប្រព័ន្ធ​5G​ ប្រើប្រាស់​តាម​ទូរស័ព្ទ​ចល័ត


ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា ប្រជាពលរដ្ឋកម្ពុជា នៅពេល ឆាប់នេះ នឹងទទួលបានការប្រើប្រាស់ប្រព័ន្ធ Internet ប្រព័ន្ធ5G ដែលល្បឿនលឿន នៅតាមទូរស័ព្ទចល័ត ដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើប។

ថ្លែងប្រាប់BTV News ដឹងនៅថ្ងៃទី២៧ ខែមិថុនា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការមានក្រុមហ៊ុនទូរស័ព្ទចល័តច្រើននៅក្នុងប្រទេសកម្ពុជា គឺគេនឹងនាំយកផលិតផលទូរស័ព្ទចល័តដែលមានបច្ចេកវិទ្យាខ្ពស់ នាំចូលមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋកម្ពុជា នឹងទទួលបានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនោះ។

ឯកឧត្តម ត្រាំ អ៊ីវតឹក បន្តថា ក្នុងឱកាសឯកឧត្តម ដឹកនាំប្រតិភូជំនាញរបស់ក្រសួង និងក្រុមហ៊ុនទូរស័ព្ទចល័តនៅកម្ពុជា ទៅបំពេញចូលរួម មហាសន្និបាតទូរស័ព្ទចល័តពិភពលោក ដែលនឹងប្រារព្ធធ្វើនៅទីក្រុងសៀងហៃ ប្រទេសចិន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនានេះ គឺក្រុមហ៊ុនកម្ពុជា នឹងនាំយកផលិតផលទូរស័ព្ទចល័តទំនើបនោះមកកម្ពុជា ក្នុងពេលឆាប់នេះ។

ក្នុងមហាសន្និបាតពិភពលោកនោះ បណ្តាប្រទេសនានា គឺបាននាំក្រុមហ៊ុនទូរស័ព្ទចល័តរបស់គេទៅធ្វើការតាំងពិព៍រណ៍ បង្ហាញនូវរាល់ទូរស័ព្ទចល័តទំនើប និងប្រព័ន្ធបច្ចេកវិទ្យាទំនាក់ទំនង ទំនើបនានាទៀត។

ឯកឧត្តម ត្រាំ អ៊ីវតឹក បន្តថា មហាសន្និបាតពិភពលោកស្តីពីទូរស័ព្ទចល័តនោះ កម្ពុជា នឹងទទួលបានការបង្កើនសមត្ថភាពលើការវិវត្តបច្ចេកវិទ្យារបស់ពិភពលោក ហើយការវិវត្តនោះ គឺបានកើតឡើងចំពេលដែលកម្ពុជា បានកំពុងតភ្ជាប់បណ្តាញជាច្រើនទំនាក់ទំនាក់Internet រួចហើយ ដែលមានល្បឿនលឿន មានសុវត្ថិភាព ដែលអាចផ្តល់ឱកាសដល់អ្នកប្រើប្រាស់បានយ៉ាងស្រួលបំផុត។

បច្ចុប្បន្ន កម្ពុជា កំពុងសម្រេចគោលដៅការប្រើប្រាស់ប្រព័ន្ធខ្សែកាបអ៊ិបទិចក្រោមបាតសមុទ្រប្រវែង១ពាន់៣រយគីឡូម៉ែត តភា្ជប់រវាងប្រទេស ម៉ាឡេស៊ី កម្ពុជា ថៃ រួចហើយ ហើយបច្ចុប្បន្នប្រជាពលរដ្ឋកំពុងទទួលបានការប្រើប្រាស់ INTERNET ដែលល្បឿនលឿន មានតម្លៃសមរម្យ ហើយនៅចុងឆ្នាំ២០១៧ នេះទៀត កម្ពុជា នឹងបញ្ចប់ការតភ្ជាប់បណ្តាញខ្សែកាបអុបទិចក្រោមបាតសមុទ្រទៅកាន់បណ្តាប្រទេសនានាទៀត ផងដែរ។

ឯកឧត្តម បន្តថា កម្ពុជា បច្ចុប្បន្នមានបណ្តាញខ្សែកាបនៅលើគោក មានប្រមាណ៣ម៉ឺនគីឡូម៉ែត្រ ហើយបច្ចុប្បន្នកំពុងបន្តបង្កើនការតភ្ជាប់បណ្តាញប្រើINTERNET នេះជាបន្តបន្ទាប់ទៀត៕

ប្រភព៖ bayontv.com.kh