Featured

ដឹងអត់ថាគ្រាប់បែកនុយក្លេអ៊ែ​រដែ​ល​ផ្ទុះ​ខ្លាំងជាងគេ​លើ​លោក​មានតែ​១​គ្រាប់​គត់ ​ដឹងថា​នៅ​ប្រទេស​ណាទេ​វា​ផ្ទុក​គ្រាប់បែក​អ៊ីដ្រូសែន ៥៨ លាន​តោន​

១ តើ​អ្វី​ទៅជា​អាវុធ​នុយក្លេអ៊ែរ ឬ អាវុធ​ប្រល័យ​លោក​?

​អាវុធ​នុយក្លេអ៊ែរ​គឺជា​ឧបករណ៍​ផ្ទុះ​ដែល​កើតចេញ​មកពី​កម្លាំង​បំផ្លាញ​ទាំង​ប្រតិកម្ម​ផ្ទុះ​នុយក្លេអ៊ែរ (Nuclear Fission Reaction) ឬ បំ​ភាយ​កម្ដៅ​នុយក្លេអ៊ែរ (Nuclear Fusion Reactions) ឬ កើតចេញពី​កម្លាំង​ផ្ទុះ​និង បំ​ភាយ​កម្ដៅ​នុយក្លេអ៊ែរ​បញ្ចូល​គ្នា​ក្នុងពេល​តែមួយ​។​


២ តើ​សារធាតុ​អ្វីដែល​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​?​ ​

​សារធាតុ​អ៊ុយ​រ៉ា​ន្យោ​ម ឬ U-235, Plutonium-239, អ៊ី​ដ្រូ​ហ្សែ​ន (Hydrogen) និង Lithium ត្រូវបាន​គេ​យកមកប្រើ​ប្រាស់​អាស្រ័យទៅលើ​ប្រភេទ​អាវុធ​នុយក្លេអ៊ែរ​នីមួយៗ​។ សម្រាប់​អ៊ី​ដ្រូ​ហ្សែ​ន​ត្រូវបាន​គេ​បើ​ប្រាស់ ច្រើន​បំផុត​ដើម្បី​បំ​ភាយ​កម្ដៅ​អាវុធ​នុយក្លេអ៊ែរ​នៅពេល​ផ្ទុះ​។

៣ តើ​អាវុធ​នុយក្លេអ៊ែរ​ចែកចេញជា​ប៉ុន្មាន​ប្រភេទ​?

​អាវុធ​នុយក្លេអ៊ែរ​ផលិត​ឡើងជា​ប្រភេទ​៖
​គ្រាប់បែកបរមាណូ ឬ Atomic bombs (​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា A-bombs) បាន​បញ្ចេញ​ឥទ្ធិពល​របស់​វា​តាមរយៈ​កម្លាំង​ប្រតិកម្ម​ផ្ទុះ​នុយក្លេអ៊ែរ (Nuclear Fission Reaction)​។​
​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន ឬ Hydrogen bombs (​ត្រូវបាន​គេ​ស្គាល់​ថា H-bombs) បង្ហាញ​កម្លាំង​ផ្ទុះ​របស់​វា​តាមរយៈ​ប្រតិកម្ម​ផ្ទុះ​ចំហាយ​នុយក្លេអ៊ែរ (Nuclear Fusion Reactions)​។ គ្រាប់បែក​ប្រភេទ​នេះ​មាន​កម្លាំង​ខ្លាំង​ជាង​គ្រាប់បែកបរមាណូ (Atomic bombs ) រាប់ពាន់​ដង​ដូចជា​គ្រាប់បែក Tsar Bomba របស់​អតីត​សហភាពសូវៀត​ជាដើម​។​


៤ តើ​អាវុធ​នុយក្លេអ៊ែរ​ណាមួយ​ដែលមាន​កម្លាំង​ផ្ទុះ​ខ្លាំងជាងគេ​បំផុត​?

​គ្រាប់បែកនុយក្លេអ៊ែរ​មាន​ឈ្មោះថា Tsar Bomba ឬ ហៅ​ម្យ៉ាង​ទៀតថា AN602​របស់​រុស្ស៊ី​ត្រូវបាន​គេ​ចាត់ទុកថា ជា​អាវុធ​ប្រល័យ​លោក​មាន​កម្លាំង​ខ្លាំងជាងគេ​បំផុត​ក្នុង​លោក​ដែលមាន​ផ្ទុក​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​(TNT)​ពី ៥០​ទៅ​៥៨ មេកា​តោន ( ៥៨ លាន​តោន​)​។ គ្រាប់​នុយក្លេអ៊ែរ​នេះ​មាន​ចំនួន​ត្រឹមតែ​១​គ្រាប់​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​ផលិតឡើង និង​ត្រូវបាន​ធ្វើតេស្ត​ជា​លើកដំបូង​នៅ​ថ្ងៃទី​៣០ ខែតុលា​ក្នុង​ឆ្នាំ​១៩៦១​។​
Tsar Bomba មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ជាង​គ្រាប់បែកនុយក្លេអ៊ែរ​ដែល​ទម្លាក់​នៅ Hiroshima និង​Nagasaki របស់​ជប៉ុន​កាលពី​ឆ្នាំ​១៩៤៥ ពី​១.៣៥០​ទៅ ១.៥៧០​ដង​។​
៥ តើ​អាវុធ​នុយក្លេអ៊ែរ​មាន​កម្លាំង​ខ្លាំង​ប៉ុណ្ណា​?

​រយៈ​ចម្ងាយ​នៃ​កម្លាំង​ផ្ទុះ​របស់​អាវុធ​នុយក្លេអ៊ែ​រ​មាន​លក្ខណៈខុសៗ​គ្នា​អាស្រ័យទៅលើ​ការផ្ទុក​គ្រាប់បែក​TNT នៅតាម​ប្រភេទ​អាវុធ និង​ទីកន្លែង​នីមួយៗ​ដែល​ត្រូវបាន​ប្រើប្រាស់​។ គេ​បាន​វាយតម្លៃថា TNT ចំនួន​១ មេកា​តោន (១​លាន​តោន​) មាន​សមត្ថភាព​អាច​កម្ទេច​អគារ​ផ្សេងៗ​ក្នុង​ចម្ងាយ​ជា​មធ្យម​៦,២​គីឡូម៉ែត្រ​ជាមួយនឹង​ចំហាយ​កម្ដៅ​វិទ្យុសកម្ម​ក្នុង​ចម្ងាយ ១០​គីឡូម៉ែត្រ​ជុំវិញ​។ សម្រាប់​TNT ២០ មេកា​តោន វា​មាន​សមត្ថភាព​អាច​កម្ទេច​អាគារ​ផ្សេងៗ​ក្នុង​ចម្ងាយ​១៧ គីឡូម៉ែត្រ និង​ចំហាយ​កម្ដៅ​វិទ្យុសកម្ម​ក្នុង​រង្វង់​ចម្ងាយ ៣០​គីឡូម៉ែត្រ​ជុំវិញ​។
​ដូច្នេះ​បើ​គេ​យក​អាវុធ​នុយក្លេអ៊ែរ​ខ្លាំង​បំផុត​របស់​រុស្ស៊ី​( Tsar Bomba) ខាងលើ​ដែល​ផ្ទុក​គ្រាប់បែក​TNT រហូតដល់​៥៨ មេកា​តោន (៥៨​លាន​តោន​)​មក​វិភាគ​វិញ​គេ​ឃើញថា អាវុធ​នេះ​មាន​សមត្ថភាព​អាច​បំផ្លាញ​អាគារ​ផ្សេងៗ​បាន​ក្នុង​ចម្ងាយ​ប្រហែល​៥០ គីឡូម៉ែត្រ និង​មាន​ចំហាយ​កម្ដៅ​វិទ្យុសកម្ម​ក្នុង​រង្វង់​ជិត​៩០​គីឡូម៉ែត្រ​ជុំវិញ​។​


៦ តើ​ពិភពលោក​បច្ចុប្បន្ន​មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ប៉ុន្មាន​?

​តាម​របាយការណ៍​ចុងក្រោយ​របស់​ទីភ្នាក់ងារ​ថាមពលអាតូមិច​អន្តរជាតិ (IAEA) នៅក្នុង​ឆ្នាំ​២០១៣​បាន​ឲ្យ​ដឹងថា នៅពេល​បច្ចុប្បន្ន​ពិភពលោក​មាន​អាវុធ​នុយក្លេអ៊ែរ​ចំនួន​១៧.៣០០​ដើម​។​

៧ តើ​ប្រទេស​ណាខ្លះ​មាន​អាវុធ​នុយក្លេអ៊ែរ​?

​ប្រទេស​ចំនួន​៩ ដែល​ត្រូវបាន​គេ​បញ្ជាក់ថា មាន​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ដៃ ក្នុងនោះ​រួមមាន​៖
​រុស្ស៊ី ៨.៥០០​ដើម អាមេរិក ៧.៧០០​ដើម បារាំង ៣០០ ដើម ចិន ២៥០ ដើម អង់គ្លេស ២២៥​ដើម អ៊ីស្រាអែល ៨០ ដើម ប៉ា​គី​ស្ថាន​ពី ១០០​ទៅ ១២០​ដើម ឥណ្ឌា​ពី ៩០​ទៅ ១១០ ដើម ខណៈ​កូរ៉េខាងជើង​វិញ​ត្រូវបាន​គេ​វាយតម្លៃថា អាចមាន​ក្រោម​១០ ដើម ប៉ុន្តែ​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​បំពាក់​លើ​ក្បាល​គ្រាប់​បាញ់​ចេញពី​ទីតាំង​បាន​នៅឡើយ​ទេ​។

៨ តើ​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ប៉ុន្មាន​ត្រូវបាន​គេ​ធ្វើតេស្ត និង​ប្រើប្រាស់​នៅពេល​កន្លងមក​?

​ចាប់តាំងពី​ផលិតឡើង​ក្នុង​ជា​លើកដំបូង​ក្នុង​ឆ្នាំ ១៩៣៨ រហូតមកដល់​បច្ចុប្បន្ន អាវុធ​នុយក្លេអ៊ែរ​ចំនួន​២.០៥៣​ដើម​ហើយ​ត្រូវបាន​គេ​ធ្វើតេស្ត​នៅលើ​និង​ក្រោម​ដី និង​ក្នុង​ទឹកសមុទ្រ​។ ក្នុងនោះ​គ្រាប់បែកនុយក្លេអ៊ែរ​២​គ្រាប់​ត្រូវបាន​អាមេរិក​ប្រើប្រាស់​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​សម្លាប់​មនុស្ស​នៅលើ​ទឹកដី​ជប៉ុន នាទី​ក្រុង Hiroshima​និង Nagasaki ក្នុង​ឆ្នាំ​១៩៤៥​។​


៩ តើ​គេ​ចំណាយ​ថវិកា​ប៉ុន្មាន​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​?

​ការផលិត​អាវុធ​នុយក្លេអ៊ែរ​គឺជា​រឿង​មួយ​ស្មុគស្មាញ​បំផុត ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នានា​ជាពិសេស​អាមេរិក និង​អតីត​សហភាពសូវៀត (​រុស្ស៊ី​)​ចំណាយ​ថវិកា​រាប់​កោដិ​លាន​ដុល្លារ​។ គ្រាន់តែ​អាមេរិក​មួយ​បាន​ចំណាយ​ថវិកា​ប្រមាណ​៥,៥​ពាន់​ពាន់​លាន​ដុល្លារ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​តាំងពី​ឆ្នាំ​១៩៤០​ដល់​ឆ្នាំ​១៩៩៨​។​

១០ ហេតុអ្វី​ចាំបាច់​ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​ត្រឹមត្រូវ​?

​បទពិសោធន៍​នៅ​Hiroshima និង​Nagasaki បានបង្ហាញ​នូវ​សោកនាដកម្ម​យ៉ាង​អាក្រក់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ដល់​អាយុជីវិត​មនុស្ស​ថា អាវុធ​នុយក្លេអ៊ែរ​មិនត្រូវ​បាន​ប្រើប្រាស់​បន្តទៅទៀត​នោះឡើយ​។ ក្រៅតែពី​បំផ្លិចបំផ្លាញ​ដល់​អាយុជីវិត និង​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​មហិមា វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន​ក្នុងពេល​អនាគត​ច្រើន​ឆ្នាំ​បន្តទៀត​។​

​បញ្ហា​មួយទៀត​ដែល​គួរ​ឲ្យ​បារម្ភ​សម្រាប់​ប្រទេស​មហាអំណាច​មាន​អាវុធ​នុយក្លេអ៊ែរ​នៅពេល​បច្ចុប្បន្ន​នោះ គឺ​ខ្លាច​អាវុធ​ប្រភេទ​នេះ​ធ្លាក់​ទៅលើ​ដៃ​ក្រុម​ភេរវជន​ដែល​នឹង​អាច​ប្រើប្រាស់​វា​ដើម្បី​បំផ្លាញ​ពិភពលោក​ទាំងមូល​។ ដូច្នេះហើយ​បណ្ដា​ប្រទេស​ភាគច្រើន​ដែល​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​អាវុធ​ទាំងនេះ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ផលិត ឬ ចម្រើន​ជាតិ​អ៊ុយ​រ៉ា​ន្យោ​ម​នោះឡើយ ហើយក៏​ទាមទារ​ផងដែរ​ឲ្យ​ចុះសន្ធិសញ្ញា​ស្ដីពី​ការមិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ (Treaty on the Non-Proliferation of Nuclear Weapons) ដែលមាន​ប្រទេស​១៨៨​ជា​សមាជិក​៕ ប្រភព៖ khmerapsara