Featured

អ្នក​សម្តែង​ភាពយន្ត​អាមេរិក អេ​ជេ​លិ​ណា ជូ​លី ទស្សនា​ទួលស្លែង អតីត​គុក​ខ្មែរក្រហម​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ នេះ អ្នក​សម្តែង​ភាពយន្ត​អាមេរិក អេ​ជេ​លិ​ណា ជូ​លី ( Angelina Jolie ) បានមក​ទស្សនា​សារមន្ទី​រ​ប្រល័យពូជសាសន៍ ទួលស្លែង ដែលជា​អតីត​គុក​សម័យ​ខ្មែរក្រហម នៅ​រាជធានី​ភ្នំពេញ​។ លោក ប៉ាន់ រិទ្ធី សមិទ្ធិ​ករ​ភាពយន្ត​ឯកសារ ខ្មែរក្រហម បាន​នាំ​ផ្លូវ សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី អេ​ជេ​លិ​ណា ជូ​លី នៅ​សារមន្ទីរ ទួលស្លែង នា​រសៀល​នេះ​។​
​ដំណឹង​នៃ​ការមកដល់​កម្ពុជា​រប​ស់​អ្នក​សម្តែង​ភាពយន្ត​អាមេរិក អេ​ជេ​លិ​ណា ជូ​លី ដែលមានកូនចិញ្ចឹម​ម្នាក់ ជាជនជាតិខ្មែរ ត្រូវបាន​គេ​ផ្សព្វផ្សាយ តាំងពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៥​។​
​ដំណើរ​មកកាន់​កម្ពុជា និង​ដំណើរ​ទស្សនកិច្ច​របស់ អេ​ជេ​លិ​ណា ជូ​លី នៅ​សារមន្ទីរ​ទួលស្លែង ដែលជា​កន្លែង​ឃុំឃាំង និង​សម្លាប់​អ្នកទោស​សម័យ​ខ្មែរក្រហម ក្នុង​រាជធានី​ភ្នំពេញ នាពេលនេះ បានធ្វើ​ឡើង បន្ទាប់ពី​លោកស្រី ប្រកាសពីគម្រោង​ផលិត​​ខ្សែភាពយន្ត និយាយ​ពីរ​បប​ខ្មែរក្រហម នៅ​កម្ពុជា​។​
​មុន​ដំណើរ​ទៅកាន់​សារមន្ទីរ​ទួលស្លែង នៅ​ថ្ងៃទី​២៨​កក្កដា​នេះ លោកស្រី អេ​ជេ​លិ​ណា ជូ​លី បាន​ជួប​ជាមួយ​លោក ប៉ាន់ រិទ្ធី នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា​។ លោក ប៉ាន់ រិទ្ធី និង​លោកស្រី អេ​ជេ​លិ​ណា ជូ​លី បាន​សហការគ្នា ដើម្បី​ថត​ខ្សែភាពយន្ត រឿង “​ពីដំបូង​ខ្មែរក្រហម សម្លាប់​ប៉ា​របស់ខ្ញុំ​”​។ ខ្សែភាពយន្ត​នេះ ជា​ឯកសារ​ចងក្រង​ដោយ​អ្នកនិពន្ធ លោកស្រី លឿង អ៊ឹង ដែល​ក្នុងសម័យ​ខ្មែរក្រហម លោកស្រី មាន​អាយុ ៥ ទៅ ៨ ឆ្នាំ​។​
​ខ្សែភាពយន្ត​និយាយ​ពី​របប​ខ្មែរក្រហម​នេះ នឹង​ចាប់ផ្តើម​ថត​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ រហូតដល់​ខែមករា ឆ្នាំ​២០១៦​។ ចាប់ពី​ខែកក្កដា​នេះ​តទៅ លោក​ប៉ាន់​រិទ្ធី និង​លោកស្រី អេ​ជេ​លិ​ណា ជូ​លី ត្រូវ​ស្វែងរក​ទីតាំង​ថត និង​ជ្រើសរើស​តួ​សម្តែង​។
ដំណើរមកកាន់កម្ពុជារបស់លោកស្រី ជូលី ក៏បានត្រូវបានមជ្ឈមណ្ឌលបុប្ផាណា របស់​លោក រិទ្ធី ប៉ាន់ បានប្រកាសផ្សព្វផ្សាយ តាមរយៈសេចក្តីប្រកាសព័ត៌មាន ជាភាសាខ្មែរ និងភាសាអង់គ្លេស ផងដែរ​នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥៕